ដំណាំចេកពងមាន់
លោកពូ បូ ជាកសិកររស់នៅភូមិបោះអង្កាញ់ ឃុំព្រែកថ្មី ស្រុកកៀនស្វាយខេត្តកណ្តាល ។
គាត់មានបទពិសោធន៍ដាំដំណាំបានផលល្អ ជាពិសេស ការដាំចំរុះចេកពងមាន់ ល្ហុង និងសាលាដ៍ប៉ិលើដីតែមួយ ។បទពិសោធន៍របស់លោកពូមានដូចខាងក្រោម :
១. របៀបរៀបចំដីដាំ :
ចំពោះ ការរៀបចំដី លោកពូបានភ្ជួរដីហាលចោលរយៈពេល ២ ទៅ ៣ ថ្ងៃ ។
ក្រោយមកគាត់ចាប់កាប់ដី បំបែកដកយកស្មៅចេញ ទើបចាប់ផ្តើមលើកជារងសំរាប់ទុកដាំសាលាដ៍ប៉ិ និងល្ហុងចំណែកដំណាំចេកគាត់ដាំនៅចន្លោះរង ។រងដំណាំរបស់គាត់នីមួយៗ មានទទឹង ៨ តឹក បណ្តោយតាមស្ថានភាពដី និងកំពស់រងប្រហែល ២ តឹក ។ ចន្លោះពីរងមួយទៅមួយ ៥ តឹក ។
២. របៀបដាំចេក :
ចំពោះ ដំណាំចេក លោកពូបានកាប់រណ្តៅដាំនៅតាមចន្លោះរងចំងាយពីដើមមួយទៅដើមមួយ ២ ម៉ែត្រ និងជីករណ្តៅទំហំ ៥ តឹកបួនជ្រុង ជំរៅ ៥ តឹក ។
នៅបាតរណ្តៅគាត់ដាក់សំរាមស្លឹកឈើនៅបាតខាងក្រោមបន្ទាប់មកដាក់ អាចម៍គោក្រៀមលាយជាមួយដី រួចទើបដាក់កូនចេកដាំ ។
កូនចេកដែលត្រូវដាំគាត់កាត់ធាងចេញខ្លះដោយទុកតែ ២ ទៅ ៣ ធាងប៉ុណ្ណោះ ព្រោះ កាលណាខ្យល់បក់ខ្លាំង នាំឲ្យដើមចេកទ្រេត (រលើងឫស) ។
ក្រោយពីដាំហើយ គាត់ប្រមូល កំប្លោក សំរាម ចំបើងមកគ្របគល់ចេកដើម្បីឲ្យត្រជាក់គល់ និងជប់សំណើមបានយូរ ។
៣. របៀបដាំល្ហុង :
ក្រោយ ពីដាំចេកបានរយៈពេលមួយខែមក គាត់ចាប់ផ្តើមដាំល្ហុងបន្ត ។
ចំពោះល្ហុង គាត់ដាំនៅលើរង ប៉ុន្តែលើកៀនសងខាងចន្លោះពីដើមមួយទៅមួយ ១ ម៉ែត្រកន្លះ ហើយជីករណ្តៅទំហំ ២ តឹកបួនជ្រុង និងជំរៅ ២ តឹក ។
នៅបាតរណ្តៅគាត់ដាក់សំរាម អាចម៍គោក្រៀម ដូចរណ្តៅចេកដែរ ។
មុនដាក់ដាំកូនល្ហុងគាត់ កួចឫសកែវចូលគ្នាសិនទើបដាក់ដាំ ។ ធ្វើរបៀបនេះ ទើបដើមល្ហុងមានកំពស់ទាប និងផ្លែច្រើន ។
៤. របៀបដាំសាលាដ៍ប៉ិ :
ក្រោយពីដាំល្ហុងបានពី ១០ ទៅ ១៥ ថ្ងៃមក គាត់ចាប់ដាំសាលាដ៍ប៉ិ នៅលើរងដែលមានចន្លោះគុម្ព ១ តឹក ។
៥. របៀបថែទាំ :
ក្នុង ការថែទាំលោកពូបានយកចិត្តទុកដាក់ស្រោចទឹក ដកស្មៅ ចាប់សត្វល្អិតជាប្រចាំ ។ ចំពោះការស្រោចស្រព គាត់ប្រើទុយយោទាញបាញ់ស្រោចលើរងដំណាំ ដោយក្នុង ១ ថ្ងៃស្រោចចំនួន ២ ដងនៅពេលដាំដំបូង ។
លុះដល់ចេក ល្ហុងចាប់ឫសរឹងមាំ គាត់បន្ថយការស្រោចទឹកតែ ១ ថ្ងៃម្តង ។
ព្រោះដោយសារនៅតាម គល់ដំណាំគាត់បានប្រមូលកំប្លោកចំបើងគ្របគល់ដែលធ្វើឲ្យជប់សំណើ មបានយូរ ។
ចំណែក សត្វល្អិតវិញ គាត់សង្កេតឃើញច្រើនបំផ្លាញនៅលើដំណាំសាលាដ៍ប៉ិ មានដូចជា ដង្កូវយោងទោង ដង្កូវដី បន្តិចបន្តួចប៉ុណ្ណោះដែលអាចធ្វើការចាប់ដោយដៃបាន ។
ការកំចាត់នេះធ្វើឡើងនៅពេល ព្រឹកព្រលឹម មុនស្រោចទឹក ពេលដែលដង្កូវចេញមកបំផ្លាញ ។
តាមបទពិសោធន៍របស់លោកពូកន្លងមក បានឲ្យដឹងថា :
ការដាំ ចំរុះនេះពុំសូវមានការបំផ្លាញពីសត្វល្អិត ដូចជាដាំសាលាដ៍ប៉ិតែឯងទេ ។
ការដាំសាលាដ៍ប៉ិតែឯងសត្វល្អិតមានច្រើនរហូតដល់មិនអាចកំចាត់ដោយ ដៃបានទេ ទោះបីយើងដាំចំរុះជាមួយដំណាំផ្សេងទៀតក៏ដោយ ព្រោះវាមិនសូវឲ្យផល ។
យើងត្រូវប្តូរមុខដំណាំចំរុះផ្សេងទើបប្រសើរ ។
សរុបមក ការដាំដំណាំចំរុះរបស់លោកពូ មានលក្ខណៈពិសេសដូចខាងក្រោម :
រៀបចំ ប្លង់ដាំបានល្អ ( ចេកដាំនៅចន្លោះរង ល្ហុងដាំនៅសងខាងរង និងចន្លោះដើមចេក សាលាដ៍ដាំនៅកណ្តាលរង ) ដែលធ្វើឲ្យពន្លឺអាចចាំងចូលបានគ្រប់គ្រាន់ និងមិនសូវមានការបំផ្លាញពីសត្វល្អិត
រៀបចំរណ្តៅដាំបានល្អ ដោយមានដាក់សំរាម ស្លឹកឈើ និងអាចម៍គោក្រៀមនៅបាតរណ្តៅ
ប្រើ គំរបគ្របគល់ដំណាំដែលធ្វើឲ្យគល់ត្រជាក់ ជប់សំណើមបានយូរ កាត់បន្ថយការស្រោចទឹក ហើយគំរបនោះនឹងរលួយក្លាយទៅជាជីធ្វើឲ្យដំណាំលូតលាស់បានល្អ
មានបទពិសោធន៍ដាំ ដូចជា កួចឫសកែវល្ហុងមុនដាក់ដាំ ដើម្បីឲ្យល្ហុងមានដើមទាប ផ្លែច្រើន
កាត់ធាងចេកចោលខ្លះ ទុកតែ ២ ទៅ ៣ ធាង នៅពេលដាំ ដើម្បីកុំឲ្យដើមទ្រេតនៅពេលមានខ្យល់បក់៕
No comments:
Write comments